Sunday, March 19, 2017
ព្រះបាទពញាយ៉ាត បានសម្រេចព្រះទ័យបោះបង់ចោលក្រុងអង្គរ
ស្រាវជ្រាវ៖ តើកូនខ្មែរដឹងទេ ! តើហេតុអ្វីបានជាព្រះបាទពញាយ៉ាតមកសាងរាជធានីថ្មីនៅភ្នំពេញ
នៅដើមសតវត្សទី១៥ ព្រះរាជាខ្មែរសម័យនោះ គឺព្រះបាទពញាយ៉ាត បានសម្រេចព្រះទ័យបោះបង់ចោលក្រុងអង្គរ រួចកសាងរាជធានីថ្មី ដំបូងនៅទួលបាសាន បន្ទាប់មកនៅភ្នំពេញ ដែលបានក្លាយជារាជធានីនៃប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូនអំពីមូលហេតុមួយចំនួន ដែលជំរុញអោយមានការរុះរើរាជធានីពីតំបន់អង្គរ មកភ្នំពេញ នេះ។ ២. ការបោះបង់ចោលក្រុងអង្គរ និងការកសាងរាជធានីថ្មី ជោគជ័យក្នុងការវាយដណ្ដើមយករាជធានីអង្គរ ពីកណ្ដាប់ដៃពួកសៀម ឈ្លានពានមកវិញនៅឆ្នាំ១៣៩៣ ឬឆ្នាំ១៣៩៤ របស់ព្រះបាទពញាយ៉ាត បានធ្វើអោយជម្លោះរវាងសៀម និងខ្មែរ មានសភាពស្ងប់ស្ងាត់អស់រយៈកាលយ៉ាងវែងបង្គួរ។ បន្ទាប់ពីនោះ ព្រះបាទពញាយ៉ាត ទ្រង់សោយរាជ្យដោយទសពិធរាជធម៌ នៅរាជធានីអង្គរ និងជំរុញប្រទេសជាតិអោយមានសុខសន្តិភាព។
ប៉ុន្តែ ដោយមានការបារម្ភថា ក្រុងអង្គរស្ថិតនៅជិតសៀម ពេក ព្រោះពេលនោះខេត្តភាគខាងលិចទាំងឡាយរបស់ខ្មែរ ត្រូវពួកសៀម ទន្ទ្រានយកបានច្រើនណាស់ទៅហើយ និងដោយហេតុថា ប្រជារាស្ត្រខ្មែរជាច្រើន ត្រូវពួកសៀម កៀរយកទៅស្រុកសៀម និងម្យ៉ាងទៀត ក្នុងសង្គ្រាមប៉ុន្មានលើកជាមួយសៀម មកនេះ ប្រជារាស្ត្រខ្មែរក៏ស្លាប់បាត់បង់ជីវិតអស់ជាច្រើនផង ដែលជាហេតុធ្វើអោយខ្មែរនៅសល់គ្នាតិច សម្រាប់ការពារក្រុងអង្គរដ៏ធំទូលាយ។
ឯកសារខ្លះទៀតបានបញ្ជាក់ថា ពេលនោះមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតផង គឺទឹកស្ទឹងអង្គរ ត្រូវចុះជាងពីរម៉ែត្រកន្លះ បារាយណ៍ អាងទឹកធំៗ ប្រឡាយទឹក ត្រូវស្ងួតហួតហែង ខ្វះទឹកធ្វើស្រែចម្ការច្បារដំណាំបង្កបង្កើតផលកសិកម្ម បណ្ដាលអោយពិបាករកស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិតរាស្ត្រប្រជា ព្រះរាជបរិពារនៃរាជវាំង ព្រមទាំងចិញ្ចឹមទ័ពផង ព្រះបាទពញាយ៉ាត ក៏ទ្រង់ពិភាក្សានឹងសម្ដេចព្រះសុគន្ធា រាជគ្រូបុរោហិត ព្រះរាជវង្សានុវង្ស អង្គអគ្គមហាសេនាបតី មន្ត្រីតូចធំខ្ញុំរាជការ ហើយបានមតិយល់ព្រមទាំងអស់គ្នា ថាត្រូវលើករាជធានីចេញពីតំបន់អង្គរ។
នៅឆ្នាំ១៤៣១ ឯកសារខ្លះថាឆ្នាំ១៤៣៣ ព្រះអង្គក៏ទ្រង់លើកព្រះរាជធានីពីអង្គរ ទៅតាំងនៅឯទួលបាសាន ជាទីស្ថានជ័យភូមិដែលព្រះអង្គធ្លាប់បានតាំងជាក្បួនទ័ព ហើយវាយរំដោះក្រុងអង្គរ ដោយជោគជ័យមកវិញនោះ ហើយតាំងនាមព្រះនគរថា ព្រះវាំងថ្មី។ ប៉ុន្តែ ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គទ្រង់គង់នៅទួលបាសាន បានតែមួយឆ្នាំប៉ុណ្ណោះ គឺឆ្នាំ១៤៣២ ឬឆ្នាំ១៤៣៤ ព្រះបាទពញាយ៉ាត ក៏ទ្រង់ប្ដូររាជធានីពីទីនោះ មកតាំងនៅភ្នំដូនពេញចតុមុខ វិញ។
ក្នុងការសាងរាជធានីថ្មីនេះ ព្រះអង្គទ្រង់ត្រាស់បង្គាប់អោយសម្ដេចចៅពញាកែ និងឧកញ៉ាហោរាធិបតីខៀវ ទៅពិនិត្យទីស្ថានជិតៗភ្នំដូនពេញ (ជាភ្នំដែលគេនិទានតៗគ្នាថា មានដូនជីម្នាក់ឈ្មោះដូនពេញ បាននាំញាតិមិត្ត និងពុទ្ធសាសនិកទាំងអស់ កសាងឡើងដើម្បីតម្កល់ព្រះពុទ្ធរូបបួនព្រះអង្គ និងបដិមាថ្ម ដែលគាត់រើសបាននៅនឹងគល់ដើមគគីរអណ្ដែតទឹកទៅទើរត្រង់កំពង់ទឹករបស់គាត់)។ លុះពិនិត្យសព្វគ្រប់ហើយ ហើយយល់ថា តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍ភ្នំដូនពេញនេះ មានជ័យភូមិល្អ ក៏នាំគ្នាសម្រេចថាត្រូវជ្រើសរើសយកទីនេះ សម្រាប់ស្ថាបនារាជធានីថ្មី។
ព្រះអង្គទ្រង់ត្រាស់បញ្ជាចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង អោយកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញវត្តភ្នំអោយបានខ្ពស់ ហើយរាបស្មើ កុំអោយទឹកលិច។ ឯទីដែលចៅពញាតេជោ អោយរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងមួយធំជាប់ឈ្មោះជាបឹងតេជោ តរៀងមក។ ទ្រង់ត្រាស់បញ្ជាអោយឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយខេត្តស្រុកបាទី ឯកសារខ្លះថាចៅពញារាជាមេត្រីផ្លុង ចៅហ្វាយស្រុកកោះឫស្សីកែវ អោយជីកព្រែកទម្លាយពីបឹងពោងពាយ ភ្ជាប់មកទន្លេ ដើម្បីយកទឹកប្រើប្រាស់។ ព្រែកនេះក៏ជាប់ឈ្មោះជាព្រែកពាមផ្លុង រៀងមក។
បន្ទាប់មក ព្រះអង្គទ្រង់តាំងរាជធានីស្ថាបនារាជវាំង សង់ប្រាសាទ ព្រះរាជមន្ទីរត្រឡែងកែង ខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំ ហើយទ្រង់អោយតាំងមុខព្រះបរមរាជវាំង បែរទៅបូព៌ាទិស។ ដើម្បីជាកិច្ចការពាររាជធានីនេះ ព្រះអង្គទ្រង់ព្រះរាជបញ្ជាអោយជីកគូទឹក និងលើកដីជាកំពែង តាំងជាសើន ជាបន្ទាយ ជុំវិញរាជធានី។
ក្រៅពីកិច្ចការពាររាជធានី និងរៀបចំប្រព័ន្ធជលផលសម្រាប់របរកសិកម្មនៅជាយៗនៃរាជធានីនេះ ព្រះបាទពញាយ៉ាត ទ្រង់បានចាត់អោយសាងសង់វត្តអារាមជាច្រើន ដែលមានវិហារ ចេតិយ កុដិ សាងពីឥដ្ឋបូកកំបោរ ដូចឯកសារខ្លះបានអធិប្បាយថា ព្រះអង្គបានសាងព្រះវិហារវត្តភ្នំ ដែលជាវិហារដែលបានសាងដោយដូនពេញ ហើយត្រូវទ្រុឌទ្រោមទៅជាថ្មីវិញ ដោយពង្រីក និងពូនភ្នំអោយកាន់តែខ្ពស់ជាងដើម ក្រាលថ្មនៅកំពូលខាងលើ និងសាងចេតិយមួយធំពីក្រោយព្រះវិហារទៀតផង។
សាងវត្តពីរនៅអមខាងកើតវត្តភ្នំ គឺវត្តធម្មលង្កា និងវត្តកោះ។ វត្តមួយទៀតនៅខាងត្បូងអូរចិនដំដែក គឺវត្តព្រះពុទ្ធឃោសារាម ឬវត្តចិនដំដែក។ វត្តមួយទៀតនៅត្រង់មាត់ទន្លេក្បែរពាមព្រែកឧកញ៉ាផ្លុង គឺវត្តពាមផ្លុង។ វត្តមួយនៅត្រង់ចេតិយធំ ហៅវត្តឧណ្ណាលោម។
នៅខាងមុខវត្តនេះជិតមាត់ទន្លេ ព្រះរាជាទ្រង់បានបញ្ជាអោយសាងអ្នកតាចាំស្រុកមួយឈ្មោះ អ្នកតាប្រាជ្ញ និងវត្តមួយទៀត គឺវត្តខ្ពបតាយ៉ង គឺវត្តបទុមវតី សព្វថ្ងៃ ដែលបើតាមអក្សរចារិកនៅទីនោះថា ព្រះបាទបរមរាជាចៅពញាយ៉ាត បានកសាងវត្តនេះនៅ គ.ស ១៤៤២ ហើយដាក់ឈ្មោះថា វត្តខ្ពបតាយ៉ង ព្រោះនៅខាងត្បូងវត្តនេះមានខ្ពប គឺដីទំនាបមាត់ទន្លេរបស់តាយ៉ង។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថ្មីនេះ ថាជាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីខត្តិយាមហានគរ។ ឯទីប្រជុំទន្លេទាំង៤ ដែលស្ថិតនៅមុខរាជធានីនេះ ក៏ទ្រង់បានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខពីពេលនោះមកដែរ៕ ដំណឹងថ្មី dnt-news
Subscribe to:
Post Comments (Atom)
No comments:
Post a Comment